Worldometer បានចុះផ្សាយថា ការឆ្លងថ្មីនៃវីរុស Covid-19 នៅសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ហើយប្រទេសមហាអំណាចមួយនេះ ក៏នៅតែឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សឆ្លង និងស្លាប់ច្រើនជាងគេ ដោយសារវីរុសនេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកឆ្លងថ្មីនៃវីរុសនេះ មានចំនួនជាង ២ម៉ឺននាក់ គឺចំនួន ២០,៣៤៥នាក់ ដែលនាំឲ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១,៨៣៧,១៦៥នាក់ និងមនុស្សស្លាប់សរុប ដោយសារវីរុសនេះកើនឡើងដល់ ១០៦,១៩៤នាក់ រួមបញ្ចូលទាំងមនុស្សស្លាប់ថ្មីចំនួន ៦៣៧នាក់។
ចំពោះចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ ចំនួន ៦,២៥៩,២៤៣នាក់ គិតត្រឹមថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០នេះ និងចំនួនមនុស្សស្លាប់សរុប ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន ៣៧៣,៦៩៦នាក់ គិតត្រឹមថ្ងៃចន្ទដូចគ្នានេះ ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ២,៧៨៥,៥១៦នាក់ បានជាសះស្បើយពីវីរុសនេះ៕SS